ទីក្រុងស្អាត បរិស្ថានល្អ ផ្តើមចេញពីយើងទាំងអស់គ្នា!

ភ្នំពេញ៖ ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) បានរៀបចំកម្មវិធីសម្អាតទីក្រុង ដើម្បីបរិស្ថានល្អ ក្រោមប្រធានបទ «ទីក្រុងស្អាត បរិស្ថានល្អ ផ្តើមចេញពីយើងទាំងអស់គ្នា!» ដើម្បីចូលរួមការការពារ លើកកម្ពស់បរិស្ថាន និងជួយលើកស្ទួយវិស័យទេសចរណ៍។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងកម្មវិធីសម្អាតទីក្រុង ដើម្បីបរិស្ថានល្អនាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក មឿង រដ្ឋា នាយកប្រតិបត្តិ លី ហួរ វេរលុយ បានមានប្រសាសន៍ថា ខ្ញុំបាទព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ជាង ១២០នាក់បានចូលរួមការងារសម្អាតទីក្រុងដើម្បីការការពារបរិស្ថាននៅតាមសួនច្បារជាប់ដងមាត់ទន្លេសាបចាប់ពីមុខផ្សាររាត្រីដល់មុខព្រះបរមរាជវាំង។ ទីក្រុងស្អាតគឺកើតចេញពីយើងទាំងអស់គ្នា ដែលត្រូវចូលរួមសម្អាតកាកសំណល់ ឬសំរាមនៅជុំវិញខ្លួន ពិសេសនៅតាមទីសារធារណៈ ផ្លូវថ្នល់ សួនច្បារ ឲ្យដូចជាការសម្អាតគេហដ្ឋានរបស់ខ្លួនផ្ទាល់។ លោកបានបន្តទៀតថា ចំពោះសកម្មភាពការដើរសម្អាតបរិស្ថាននៅថ្ងៃនេះជាសារចង់បង្ហាញឲ្យឃើញពីសកម្មភាពមួយចំនួន ក៏ដូចជាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងពីការសម្អាតទីក្រុងដោយរួមគ្នាថែរក្សាបរិស្ថានឲ្យបានល្អ និងមានអនាម័យសម្រាប់ទីក្រុងរបស់យើង។

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ អាចបង់ថ្លៃសេវាកម្មប្រមូលសំរាម និងសំណល់រឹងបានតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ទូទាំងប្រទេសដែលមានជាង ៤៥០០កន្លែង។ នេះគឺជាការផ្តល់ឲ្យនូវភាពងាយស្រួលពី លី ហួរ វេរលុយ ទៅដល់ប្រជាពលរដ្ឋផងដែរ។