លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) និងធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រកាសជាផ្លូវការភាពជាដៃគូផ្តល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ទូទាំងប្រទេស

លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) ជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ ប្រកបដោយសុវត្ថិភាពទ្វេដង និងទំនុកចិត្តទ្វេដង បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការដាក់ឲ្យដំណើរការនូវសេវា ដាក់ និងដកប្រាក់ រវាងគណនីធនាគារ អេស៊ីលីដា ភីអិលស៊ី និងបណ្តាញភ្នាក់ងារ លី ហួរ វេរលុយ។ ឥឡូវនេះ អតិថិជនដែលមានកាតឥណទាន និងគណនីធនាគារ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើការដាក់ និងដកប្រាក់នៅតាម ភ្នាក់ងារ លី ហួរ វេរលុយ ជាង ៤,៥០០កន្លែងទូទាំងប្រទេស។

ការដាក់ឲ្យដំណើរការនូវសេវាទាំងពីរនេះ នឹងជួយសម្រួលទម្លាប់ជាទូទៅរបស់អតិថិជនធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលគាត់ត្រូវធ្វើដំណើរទៅកាន់ទីស្នាក់ការសាខារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីធ្វើប្រតិបត្តិការ ដក និងដាក់ប្រាក់ ជំនួសដោយការមកប្រើសេវាតាមភ្នាក់ងារ លី ហួរ វេរលុយ ដែលនៅក្បែរផ្ទះរបស់គាត់។ ភាពងាយស្រួលនេះ នឹងជួយឲ្យគាត់ចំណេញពេលវេលាដែលអាចបង្កើនចំណូលប្រចាំថ្ងៃរបស់ពួកគាត់ក្នុងការប្រើប្រាស់សេវា តាមភ្នាក់ងារលី ហួរ វេរលុយ ដែលមានដូចជា ផ្ទេរប្រាក់ ដាក់ប្រាក់សន្សំ បើកប្រាក់ខែ បង់ប្រាក់សងកម្ចីប្រចាំខែរបស់ពួកគាត់។

ថ្លែងក្នុងការចុះកិច្ចព្រមព្រៀង លោកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន លី ហួរ គ្រុប មានប្រសាសន៍ឲ្យដឹងថា «ការសហការនេះគោលបំណងរួម គឺផ្តល់នូវភាពងាយស្រួល រហ័សទាន់ចិត្ត មានសុវត្ថិភាព និងសន្សំសំចៃពេលវេលាដល់ប្រជាពលរដ្ឋខ្មែរដែលជាអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយឲ្យពួកគាត់អាចប្រើប្រាស់សេវាហិរញ្ញវត្ថុមួយចំនួនតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ដែលមាននៅទូទាំងប្រទេសកម្ពុជា»។

លោកឧកញ៉ា លី ហួរ បន្តទៀតថា «ការចាប់ផ្តើមនេះនឹងធ្វើឲ្យយើងឈានដល់ដំណាក់កាលមួយទៀតក្នុងបេសកម្មរបស់យើងដើម្បីពង្រីកវិសាលភាពក្នុងវិស័យហិរញ្ញវិត្ថុ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងផ្តល់នូវភាពងាយស្រួលដល់ពួកគាត់ មិនថាក្នុងការធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃ ការបង្វិលប្រាក់សម្រាប់ការសម្រេចចិត្តធ្វើការវិនិយោគក្នុងរយៈពេលវែង ការដាក់ ឬដកប្រាក់បញ្ញើជាសាច់ប្រាក់ភ្លាមៗ និងការផ្ដល់ជូននូវលទ្ធភាពជាច្រើនផ្សេងទៀត»។

លោកបណ្ឌិត អ៊ិន ចាន់នី ឲ្យដឹងថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) បានចាប់ដៃគូយុទ្ធសាស្រ្តសហប្រតិបត្តិការ ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើសេវាកម្មរបស់ស្ថាប័នទាំង២ ឲ្យបានទូលំទូលាយថែមទៀត លើការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ ក្នុងការពង្រីកប្រតិបត្តិការធនាគារ ឲ្យកាន់តែទំនើបប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព»។

លោកបណ្ឌិតបន្ដថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ នឹងបង្កើនភាពងាយស្រួល ដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការដូចជា៖

  1. ផ្ទេរប្រាក់រវាងគណនី Core Banking របស់ធនាគារ អេស៊ីលីដា និងគណនី E-Wallet របស់ លី ហួរ វេរលុយ។
  2. ផ្ទេរប្រាក់រវាងគណនីអេស៊ីលីដា យូនីធីទាន់ចិត្ត និងគណនី E-Wallet របស់ លី ហួរ វេរលុយ។
  3. ដកប្រាក់ពីគណនី E-Wallet របស់ លី ហួរ វេរលុយ តាមរយៈម៉ាស៊ីន អេ ធី អឹម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយមិនប្រើកាត។
  4. សេវាផ្សេងៗទៀត ដែលនឹងសហការគ្នា ទៅតាមស្ថានភាពជាក់ស្តែងនាពេលអនាគត។

លោកបណ្ឌិត អ៊ិន ចាន់នី ឲ្យដឹងទៀតថា កិច្ចសហប្រតិបត្តិការនេះ បានជួយជំរុញឲ្យការផ្ទេរបា្រក់ របស់អតិថិជនកាន់តែទូលំទូលាយ, ឆាប់រហ័ស, ងាយស្រួល និងមានសុវត្ថិភាពព្រោះ ធនាគារ អេស៊ីលីដា និងក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) មានបណ្តាញប្រតិបត្តិការ ទូលំទូលាយគ្រប់ដណ្តប់គ្រប់ខេត្ត-ក្រុងនៃប្រទេសកម្ពុជា។ សមិទ្ធផលនេះបានផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់អតិថិជន និងសាធារណជន និងគាំទ្រដល់ការរីកលូតលាស់របស់អតិថិជនជាមួយនឹងការកាត់បន្ថយការចំណាយ និងកត្តាហានិភ័យ។

លោកបណ្ឌិត អ៊ិន ចាន់នី ឲ្យដឹងថា ពាណិជ្ជករ, អ្នកជំនួញ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារតែងតែរិះរកមធ្យោបាយផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យអតិថិជនរបស់ខ្លួន មានភាពងាយស្រួល ដោយបម្រើជូនអតិថិជនបានលឿន និងរហ័សទៅតាមចិត្ត។ ជាក់ស្ដែងដូចអ្នកទាំងអស់គ្នាដឹងហើយថា ធនាគារតែងតែបើកធ្វើការរាល់ម៉ោង៧៖៣០នាទីព្រឹក ហើយថ្ងៃសៅរ៍ពេលល្ងាចចាប់ពីម៉ោង១៖០០នាទីរសៀលធនាគារបានឈប់សម្រាក ថ្ងៃអាទិត្រឈប់សម្រាក, ថ្ងៃបុណ្យទានឈប់សម្រាក ប៉ុន្ដែសម្រាប់ក្រុមហ៊ុន លី ហួរ វេរលុ វិញអត់ឈប់សម្រាក់នោះទេ អាចនិយាយបានថា ធ្វើការស្ទើរតែ២៤ម៉ោងទៅហើយនោះហើយជាអត្ថប្រយោជន៍សំខាន់សម្រាប់អតិថិជន ព្រោះអតិថិជនមានភាពងាយស្រួល និងប្រើប្រាស់សេវាបានគ្រប់ពេលវេលាដែលពួកគាត់ត្រូវការ។

សេវាហិរញ្ញវត្ថុដែលត្រូវបានផ្តល់ជូនតាមរយៈភាពជាដៃគូនេះ និងអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចបង់ ឬបើកប្រាក់កម្ចី និងសេវាទូទាត់ផ្សេងៗទៀត តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ជាង ៤,៥០០កន្លែងទូទាំងប្រទេស។

lyhour-acleda-1 lyhour-acleda
lyhour-acleda
lyhour-acleda
lyhour-acleda
lyhour-acleda