លី ហួរ វេរលុយ សហការជាមួយក្រុមហ៊ុន Merchantrade Asia Sdn Bhd​ ផ្តល់សេវាផ្ទេរប្រាក់ពីប្រទេសម៉ាឡេស៊ី

លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) ជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ ប្រកបដោយសុវត្ថិភាពទ្វេដង និងទំនុកចិត្តទ្វេដង បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន Merchantrade Asia Sdn. Bhd. ក្នុងការដាក់ឲ្យដំណើរការនូវសេវាផ្ទេរប្រាក់លក្ខណៈអន្តរជាតិពីប្រទេសម៉ាឡេស៊ី។ ឥឡូវនេះ អតិថិជនអាចដកប្រាក់ដែលផ្ញើពីប្រទេសម៉ាឡេស៊ីបានតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ជាង ៤៥០០ កន្លែងនៅទូទាំងប្រទេស ៕

ការដាក់ឲ្យដំណើរការនូវសេវាផ្ទេរប្រាក់អន្តរជាតិនេះ នឹងជួយសម្រួលដល់ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេស​ ម៉ាឡេស៊ី អាចផ្ទេរប្រាក់របស់ពួកគេ ឱ្យអ្នកផ្ទះរបស់ខ្លួនដែលរស់នៅឯស្រុកកំណើតបានយ៉ាងរហ័ស និងមានសុវត្តិភាពតាម រយៈក្រុមហ៊ុន Merchantrade Asia Sdn. Bhd.។

ថ្លែងក្នុងការចុះកិច្ចព្រមព្រៀង លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី បានមានប្រសាសន៍ឲ្យដឹងថា «នេះជាជោគជ័យថ្មីមួយទៀតរបស់យើង ដើម្បីផ្តល់នូវសេវាកម្មផ្ទេរប្រាក់លក្ខណៈអន្តរជាតិពីប្រទេសម៉ាឡេស៊ី ដោយផ្តល់ភាពងាយស្រួលឲ្យប្រជាជនកម្ពុជាដែលកំពុងរស់នៅទីនោះ អាចផ្ទេរប្រាក់មកកម្ពុជាបាន»។

លោក Ravindra Vamathevan នាយកប្រតិបត្តិក្រុមហ៊ុន Merchantrade Asia Sdn. Bhd. បានឲ្យដឹងថា៖ យើងសង្ឃឹមថា តាមរយៈភាពជាដៃគូនេះនឹងផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់រវាង ប្រទេសទាំងពីរ ហើយវាគឺជាកិត្តិយសមួយសម្រាប់ក្រុមហ៊ុន Merchantrade Asia Sdn. Bhd. ក្នុងការចាប់ដៃគូជាមួយ លី ហួរ វេរលុយ ក្នុងការផ្តល់នូវសុវត្ថិភាព និងរហ័ស សម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសម៉ាឡេស៊ីទាំងអស់ ក្នុងការផ្ទេរប្រាក់មកកាន់ប្រទេសកម្ពុជា។

សេវាហិរញ្ញវត្ថុដែលត្រូវបានផ្តល់ជូនតាមរយៈភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យអតិថិជនដែលកំពុងរស់នៅប្រទេសម៉ាឡេស៊ី អាចផ្ទេរប្រាក់របស់ពួកគេ មកឱ្យសាច់ញាត្តិ ឬមិត្តភក្តិដែលរស់នៅប្រទេសកម្ពុជាបានយ៉ាងរហ័ស និងមានសុវត្តិភាព។

ក្រៅពីសេវាកម្មផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ អតិថិជនក៏អាចធ្វើប្រតិបត្តិការផ្សេងៗទៀតតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ មានដូចជា៖ ផ្ទេរប្រាក់ ដកប្រាក់ ទិញកាតទូរស័ព្ទ បង់ថ្លៃទឹកភ្លើង ដកប្រាក់បៀវត្ស បង់ប្រាក់កម្ចៃ ទូទាត់វិក្កយបត្រផ្សេងៗ នឹងទូទាត់តាម QR Code ដូចជា៖ លី ហួរ QR Code, WeChat QR Code, Alipay QR Code.។